កសិកម្ម

មក​ដឹង​អំពី​អង្ករ​ផ្ការំដួល របស់​កម្ពុជា​ដែល​ទទួលបាន​ជ័យលាភី ជា​អង្ករ​ល្អ​បំផុត​លំដាប់​ពិភពលោក​ជា​លើក​ទី​៥

​អង្ករ «​ផ្ការំដួល​»​របស់​កម្ពុជា​បានទទួល​ជ័យលាភី​ជា​អង្ករ​ល្អ​បំផុត​លំដាប់​ពិភពលោក​ជាថ្មី​ម្តងទៀត បន្ទាប់ពី​លេខ​១ រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​គឺ​នៅ​ឆ្នាំ ២០១២ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ និង​ចុងក្រោយ​ក្នុង​ឆ្នាំ ២០១៨ ហើយ​នៅ​ឆ្នាំនេះ​ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក​ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ខណៈ​នេះ​ជា​លើក​ទី ៥ ហើយ​ដែល​អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​នេះ​ដោយ​អាជ្ញា         កណ្តាល​កាត់សេចក្តី​អន្តរជាតិ​។​

​មាន​មូលហេតុ​មួយ​នៅ​ក្នុងនោះ ដែល​ធ្វើ​ឲ្យ​អង្ករ​ផ្ការំដួល​របស់​កម្ពុ​ជាទ​ទួលបាន​ជ័យលាភី​ជាថ្មី​ម្តងទៀត​គឺ ៖ ក្លិនក្រអូប​ធម្មជាតិ​នៃ​អង្ករ​រំដួល​កម្ពុជា ព្រមទាំង​សាច់​អង្ករ​ល្អ​គួរ​ឲ្យ​ចង់​ទទួល ទាន​ធ្វើ​ឲ្យ​អតិថិជន​ជាច្រើន​មានការ​កោតសរសើរ​ទូ​ទាំង​ពិភពលោក ។ ដោយសារ​កសិករ​កម្ពុ​ជា​ប្រើប្រាស់​ជី​តិច​បំផុត​សម្រាប់​ការដាំដុះ​បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងទៀត​ទើប​ធ្វើ ឲ្យ​អង្ករ​ផ្ការំដួល​កម្ពុជា   ផ្តល់នូវ​អត្ថប្រយោជន៍​ដល់​សុខភាព យ៉ាង​ល្អ​សម្រាប់​អតិថិជន​បើ​ធៀប​ទៅនឹង​ប្រភេទ​អង្ករ​ដទៃទៀត​។​

​អង្ករ​របស់​កម្ពុជា​ពូជ «​ផ្ការំដួល​»​ត្រូវបាន​ជាប់​ជា​«​អង្ករ​ល្អ​ដាច់​គេ​»​ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក​ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភូ​កេ​ត ប្រទេស​ថៃ ខណៈ​នេះ​ជា​លើក​ទី ៥ ហើយ​ដែល​អង្ករ​កម្ពុ ជា​ឈ្នះ​ពានរង្វាន់​នេះ​។​

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)​បាន​ប្រាប់​ថ្លែង​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា​ថា ការ​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ដាច់​គេ នេះ​គឺជា​កិត្តិយស ដ៏​ធំ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ នេះ​ជា​លើក​ទី ៥ ហើយ​ដែល​អង្ករ​កម្ពុជា​បានទទួល​ជ័យលាភី​។ កម្ពុជា​ឈ្នះ​អង្ករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ ២០២២ នៅ​វេទិកា​ស្រូវ​-​អង្ករ​ពិភពលោក​នៅ​ភូ​កេ​ត​ប្រទេស​ថៃ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ លោក​បាន​អរគុណ​ដល់​ក្រុមការងារ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កសិករ សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ សហគមន៍​កសិកម្ម ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ដែល​ផ្តល់​ការគាំទ្រ​ផលិត​អង្ករ​ល្អ​ដាច់​គេ ដើម្បី​ចូលរួម​ប្រកួត និង​នាំ​ពានរង្វាន់​មក​កម្ពុជា​។​

​លោក ឡាយ ឈុន​ហួ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export ដែល​បាន​នាំយក «​អង្ករ​រំដួល​»​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​វេទិកា​ខាងលើ និង​ទទួលបាន​ពានរង្វាន់​លេខ​១​ជា «​អង្ករ​ល្អ​ដាច់​គេ​» បាន​ឲ្យ​ដឹងថា លទ្ធផល​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ពិសេស វា​នឹង​ជួយ​ឱ្យ​ការនាំចេញ​មាន​បរិមាណ​កាន់តែច្រើន ។ នេះ​ជា​មោទកភាព​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ កិត្តិនាម​ដែល​ទទួលបាន​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​គុណភាព​អង្ករ​កម្ពុជា​កាន់តែច្រើន​ពិសេស​ធ្វើ​ឱ្យគេ​ស្គាល់​ពី​គុណភាព​អង្ករ​កម្ពុជា​។​

​លោក ឡាយ ឈុន​ហួ  បាន​ឲ្យ​ដឹងថា​៖​ដើម្បី​ទទួលបាន​ជ័យលាភី​នេះ​អង្ករ​កម្ពុជា​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ទៅលើ​ចំណុច​ជាច្រើន​ដូចជា​រូបរាង​គ្រាប់​អង្ករ​, ភាព​ទន់​, ក្លិន និង​រសជាតិ​ជា ដើម​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ ក៏បាន​សរសេរ​នៅលើ    បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា​៖ «​សូម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​អង្ករ​កម្ពុជា​ពូជ «​ផ្ការំដួល​» ដែល​ទទួល​ជ័យលាភី​លេខ ១ សម្រាប់​ឆ្នាំ ២០២២ ជា «​អង្ករ​ល្អ​ដាច់​គេ​»​លំដាប់ថ្នាក់​ពិភពលោក​ក្នុងការ​ប្រកួតប្រជែង​នៃ​វេទិកា​ស្រូវ​-​អង្ករ​ពិភពលោក នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ នា​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២​។ នេះ​ជា​លើក​ទី ៥ ហើយ​ដែល​អង្ករ​កម្ពុជា​ទទួល​ជ័យលាភី​នេះ​និង​នាំមក​នូវ​មោទកភាព​សម្រាប់​កម្ពុជា​»​។​

​ពូជស្រូវ​"​ផ្ការំដួល​"​ជា​ពូជស្រូវ​កណ្តាល​ក្រអូប​ដែល​បានធ្វើ​ការបញ្ចេញ និង​ផ្សព្វផ្សាយ​ជូន​កសិករ​ប្រើប្រាស់​ដោយ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ មា​ញ់ និង​នេសាទ នា​ឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន ពូជស្រូវ​ផ្ការំដួល​បាន នឹង​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាកសិករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពូជស្រូវ នេះ​ផ្តល់នូវ​ទិន្នផល​ខ្ពស់ គុណភាព​អង្ករ​ល្អប្រសើរ មាន​ភាព​ថ្លា វែង​រលូន បាយ​ទន់​ឆ្ងាញ់ ថែមទាំង​មាន​ក្លិនក្រអូប​ទៀតផង​។ ជាពិសេស​ទៅទៀត​ជា​ពូជ ដែលមាន​ប្រភេទ​អង្ករ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។​

​អង្ករ​ផ្ការំដួល របស់​កម្ពុជា​ចាប់ផ្តើម​ល្បីល្បាញ​ក្នុង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ នៅក្នុង​សិក្ខាសាលា​ស្តីពី​អង្ករ​ពិភពលោក​សម្រាប់​ពាណិជ្ជកម្ម អង្ករ​ឆ្នាំ ២០១២ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូ នេ​ស៊ី ។​សិក្ខាសាលា​ដែល​ដំណើរការ​ចាប់ពី​ថ្ងៃទី ២៦​ដល់​ថ្ងៃទី​២៨ ខែកញ្ញា​ចូលរួម​ដោយ​ប្រទេស​នាំ​អង្ករ​ចេញ​សំខាន់ៗ​ជាង ៤០ ដែល​ក្នុងនោះ​មាន​ប្រទេស​មកពី​ទ្វីបអាស៊ី អឺរ៉ុប និង​អាហ្វ្រិក ។ ពេលនោះ​ក៏មាន​ការប្រកួតប្រជែង​អង្ករ​ផងដែរ  ពេលនោះ​ហើយ​ដែល​អង្ករ​ផ្ការំដួល​របស់​កម្ពុជា​ត្រូវបាន​វាយតម្លៃ​ដោយ​អាជ្ញាកណ្តាល​អន្តរជាតិ​ថា ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក ។ ការទទួល​ពានរង្វាន់​នេះ បាន​ជួយ​បង្កើន​ការបញ្ជាទិញ​ពី​អន្តរជាតិ ដែល​ពីមុនមក​គេ​ពុំទាន់​យល់ច្បាស់​ពី​គុណភាព​នៃ​អង្ករ​ខ្មែរ ។ ធ្វើឱ្យ​អ្នកទិញ​អន្តរជាតិ​មានការ​ចាប់អារម្មណ៍​ខ្លាំង​។ ធ្វើ​ឲ្យ កម្ពុជា​អាច​ជំរុញ​ការនាំចេញ​អង្ករ​បាន​ច្រើន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ចង់​នាំ​អង្ករ​ចេញ​ឱ្យបាន​១​លាន​តោន​។ ទី​២ អាច​ណែនាំ​ថា​អង្ករ​កម្ពុជា​មានលទ្ធភាព​ប្រកួតប្រជែង ជាមួយ​អង្ករ​មកពី​ថៃ ឬ​វៀតណាម​ដែរ ។ នៅក្នុង​ប្រកួត​ពេលនោះ​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣​បាន​ទៅ​អង្ករ​មកពី​ប្រទេស​ថៃ ។ 

​ជា​ការពិត​លក្ខខណ្ឌ នៃ​ការឱ្យ​ពិន្ទុ​អង្ករ​មាន​ភាព​សម្ងាត់ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​បាន​បង្ហើប​ឱ្យដឹងថា​ការវាយតម្លៃ​ត្រូវបាន​យោងទៅលើ​លក្ខណៈពិសេស​មួយចំនួន​របស់​អង្ករ​ដូចជា ភាព​សរ​លោង ទំហំ​អង្ករ​កម្រិត​នៃ​ភាព​បាក់​រសជាតិ និង​ក្លិន​ជាដើម​។ បាយ​ដែល​ដាំ​ចេញពី​អង្ករ​ផ្ការំដួល​របស់​កម្ពុ​ជាមាន​ក្លិនក្រអូប​ប្រហើរ​និង​ទន់​ល្អ​។ សព្វថ្ងៃនេះ​កម្ពុជា​នាំចេញ​នូវ​អង្ករ ផ្ការំដួល នាង​ម្លិះ សូ​ម៉ាលី ផ្កា​ខ្ញី និង សែន​ក្រអូប​ជាដើម ដែល​សុទ្ធសឹង​ជា​ប្រភេទ​អង្ករ​មាន​ក្លិនប្រហើរ​និង​មាន​រសជាតិ​ឆ្ងាញ់​។ 

​គួរ​រំលឹក​នៅ​ឆ្នាំ​២០១៦ បានកំណត់​ស្តង់ដារ​កម្ពុជា សម្រាប់​អង្ករ​ផ្ការំដួល និង​អង្ករ ផ្កា​ច័ន្ទ​សែន​សរ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ក្រោម​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំ ចេញ​អង្ករ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ។ ស្តង់ដារ​ទាំងនេះ​កំណត់​នូវ​ច​រឹត​លក្ខណៈ គុណភាព​របស់​អង្ករ​ទាំងពីរ​ប្រភេទ ដែលជា​អត្តសញ្ញាណ​សម្គាល់​អង្ករ​កម្ពុជា ប្រភេទ​អង្ករ​ផ្ការំដួល​និង​អង្ករ​ផ្កា​ច័ន្ទ​សែន​សរ ដែល​មិនមាន​ប្រទេស​ណាមួយ​អាច​បន្លំ​បាន​នោះឡើយ ហើយ​វា​ក៏​ជា​ឯកសារយោង​សម្រាប់​ភាគី​ពាក់ព័ន្ធ​មានដូចជា អ្នក​ផលិត អ្នកធ្វើអាជីវកម្ម នាំចេញ នាំចូល អ្នក​ចែកចាយ អ្នកប្រើប្រាស់ និង​អ្នកអនុវត្ត​ច្បាប់ យកទៅ​ប្រើប្រាស់ ដើម្បី​ពង្រឹងគុណភាព​ផលិតផល និង​ពង្រីក​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម​ទាំង​នៅក្នុង និង​ក្រៅប្រទេស​។​

​ជាមួយនេះ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ដែលជា​លេខាធិការដ្ឋាន​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ​និង​គណៈកម្មការ​បច្ចេកទេស​ស្ដង់ដារ បាន​បន្ត​ខិតខំ​រៀបចំ​សេចក្តីព្រាង​ស្តង់ដារ​ចំនួន​៥​ប្រភេទ​ផ្សេងទៀត​ដែល​បាន​ចាត់ ជា​ផលិតផល​អាទិភាព​ក្នុងចំណោម​ផលិតផល​អង្ករ​ទាំង ១០ ប្រភេទ​ដែល​បានកំណត់​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមមាន អង្ករ ផ្កា​រមៀត អង្ករ​សែន​ពិដោរ អង្ករ​រាំង​ជ័យ អង្ករ​អ៊ី​អ៊ែរ​៦៦ និង អង្ករ​ជលសារ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ការពារ​សុវត្ថិភាព​អ្នកប្រើប្រាស់​ធានា​សុខុមាលភាព​សាធារណៈ បរិស្ថាន និង​គាំទ្រ​ដល់​ការជំរុញ ការនាំចេញ​អង្ករ​ទៅលើ​ទីផ្សារ​តំបន់ និង​អន្តរជាតិ ។​

​លក្ខណៈពិសេសៗ​របស់​ពូជស្រូវ​ផ្ការំដួល 

​ពូជស្រូវ​ផ្ការំដួល ជា​ពូជស្រូវ​ដែល​ប្រកាន់​រដូវ​មធ្យម ចាប់​ចេញ​ផ្កា​ពី​ពាក់កណ្តាល​ខែតុលា អាស្រ័យទៅលើ​អាកាសធាតុ និង​ពេលវេលា​ដាំ​ដុះ ។ កម្ពស់​ដើម​របស់​ពូជ​ផ្ការំដួល ប្រែប្រួល​ពី​១១០- ១៧០ សង់ទីម៉ែត្រ និង​ចំនួន​ដើម​បែក ផ្តល់​ផល​គឺ​ចាប់ពី ៥-១០ ដើម​ក្នុង​មួយ​គុម្ព អាស្រ័យ​ទៅតាម​ប្រភេទ​ដី ។ ប្រភេទ​គ្រាប់​ក្នុង​មួយ​កួរ​មាន​ចាប់ពី  ១១០-១៥០ គ្រាប់ និង​មាន​ប្រវែង​កួរ ១៨-២៨  សង់ទីម៉ែត្រ ។ ពូជ​ផ្ការំដួល ធន់​ទៅនឹង​ទឹកជំនន់​បានល្អ ប៉ុន្តែ​មិនសូវ​ធន់​ទៅនឹង​មមា​ត្នោត​ទេ និង​មាន​ទិន្នផល​ជា​មធ្យម  ៣,៥ តោន ក្នុង ១ ហិកតា នឹង​អាច​ខ្ពស់​ដល់​ទៅ ៥,៥ តោន​ក្នុង​១ ហិកតា​។  

​វិធីសាស្ត្រ​ដាំ​ដុះ  

​សម្រាប់​ស្រូវ​សន្ទូង បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី ៣០-៤០ គីឡូក្រាម ក្នុង​មួយ​ហិកតា ប៉ុន្តែ​ក្នុងករណី​ដែល​គ្រាប់ពូជ​សុទ្ធ និង មាន​សុខ​ភាពល្អ ព្រមទាំង​គ្រប់គ្រង​ទឹកបាន និង​ថែទាំ​បានល្អ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​ក្នុង​មួយ​ហិ​រ​តា គឺ​ពី ១៥-២០ គីឡូក្រាម​ប៉ុណ្ណោះ ។​ដើម្បី​ឲ្យ​សំណាប​ដុះ​លូតលាស់​ធំធាត់​ល្អ គេ​ត្រូវ​សាប​គ្រាប់ពូជ មួយ​គីឡូក្រាម​លើ​ផ្ទៃដី​ថ្នាល ១០ ម៉ែត្រការ៉េ  ។ ទី​សំណាប​ត្រូវធ្វើ​នៅ​ជិត​ប្រភពទឹក តែ​ត្រូវ​ឆ្ងាយ​ពី​ម្លប់​ព្រៃ ឬ កន្លែង​មាន​ភ្លើងអគ្គិសនី ដើម្បី​ជៀសវាង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ ។ ជាការ​ល្អ​គួរ​ស្ទូង​សំនាប​ដែលមាន​អាយុ ពី​២៥-៣០ ថ្ងៃ​ហើយ​ក្នុង​មួយ​គុម្ព​ចំនួន ២ ទៅ ៣ ដើម ។  សម្រាប់​ស្រូវពង្រោះ បរិមាណ​គ្រាប់ពូជ​ដែល​ចាំបាច់​គឺ​ពី ៦០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ គួររៀបចំ​ដី​ឲ្យ​បានល្អ និង​រាបស្មើ​មុន ព្រោះ ។ ការ​ភ្ជួរ​រាស់ គួរតែ​ធ្វើ​ឲ្យ​បាន ២ ទៅ ៣ ដង ជាការ​ល្អប្រសើរ ។​ប្រសិនបើ​ស្រែ​អាច​បញ្ចេញបញ្ចូល​ទឹកបាន​បន្ទាប់ពី​ស្ទូង ឬ​ព្រោះ​បាន​២០​ថ្ងៃ​អាច​បញ្ចេញ​ទឹក​ឲ្យ​អស់ពី​ក្នុង​ស្រែ ២​ទៅ​៤  ថ្ងៃ​រួច​បញ្ចូល​ទឹក​ថ្មី ។ ធ្វើ​របៀបនេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ស្រូវ​កាន់តែ​បែក​គុម្ព​ល្អ ។ 

​ការប្រើប្រាស់​ជី 

​ការប្រើប្រាស់​ជី​សមស្រប​តាម​កម្រិត​ណែនាំ នឹងមិន​បណ្តាល​ឲ្យ​មានការ​ថយចុះ ឬ​បាត់បង់​ក្លិន ឬ​គុណភាព​ដទៃទៀត​ឡើយ​។ គួរ​ដាក់​ជី ២-៣ ដង ក្នុង​មួយ​វដ្ត​ជីវិត​របស់​ស្រូវ​។ បាច​ទ្រាប់ បាត​មុនពេល​ស្ទូង ដោយ​ប្រើ​ជីធម្មជាតិ​ពី ៥ តោន ក្នុង​១​ហិកតា និង​រួមផ្សំ ជាមួយ​ជីគីមី​ដូច​មាន​ដូច​បានកំណត់  ។​

​ការប្រមូល​ផល​

​ត្រូវ​ប្រមូល​ផល​ស្រូវ​នៅពេល​គ្រាប់​ទុំ​ល្អ គឺ​នៅពេលដែល​កួរស្រូវ​មាន​គ្រាប់​ចាប់ពី​ពាក់កណ្តាល​កួរ​ឡើងទៅ​មាន​ព័ណ៌​លឿងទុំ​ចាស់ និង គ្រាប់​ពេញ​ពាក់កណ្តាល​កួរ​ចុះក្រោម​មាន​ព័ណ៌​លឿង ទុំ​ស្រាល ហើយ​គ្រាប់​ស្កក​វិញ​មាន​ព័ណ៌​ស្លាបសេក​ចាស់ ។ 

​គែ​អាច​ហាល​ស​ម្ងួ​ត​ស្រូវ​នៅលើ​កន្ទេល សំណាញ់​មុង តង់​កៅស៊ូ និង លាន​ស៊ីម៉ង់​ត៌ គឺ​មិន   បណ្តាល​ឲ្យ​គុណភាព​គ្រាប់ស្រូវ ឬ គ្រាប់​ស្រូវពូជ​ខុសគ្នា​ឡើយ ។ កម្រាស់​គ្រាប់ស្រូវ​ដែល​សមស្រប សម្រាប់​ការ​ហា​លស​ម្ងួ​ត គឺ ២ ទៅ ៣ សង់ទីម៉ែត្រ ដែល​កម្រាស់​គ្រាប់ និង​សភាព​ពន្លឺ​ថ្ងៃ​គឺជា​កត្តា​ចម្បង​ក្នុងការ​កំណត់​រយៈពេល​ហាល និង​គុណភាព​គ្រាប់ស្រូវ​៖ ថ្ងៃ​ស្រឡះ​ល្អ ហាល​តែ ១ ថ្ងៃ ប៉ុណ្ណោះ ដោយ​កន្លះ​ម៉ោង វី ម្តង ។ ថ្ងៃ​ស្រឡះ​បង្គួរ ហាល​ស​ម្ងួ​ត​រយៈពេល ២ ថ្ងៃ ដោយ​មួយ​ម៉ោង វី ម្តង ។ ថ្ងៃ​មិន​ស្រឡះ គេ​ត្រូវ​ហាល​រហូតដល់ ៣ ថ្ងៃ​ដោយ ២ ម៉ោង វី ម្តង ។​

​ចំណែក​គ្រាប់ពូជ​ត្រូវ​ច្រក​ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ចង​ឲ្យ​ជិត រួច​ដាក់​ក្នុង​បាវ​មួយ​ជាន់​ទៀត ហើយ​ទុក​ដាច់ដោយឡែក​ពី​គ្រាប់ស្រូវ​ចំណី នៅ​កន្លែង​ដែល​ស្ងួត​ល្អ និង​គ្មាន​ការបំផ្លាញ​ពីស​ត្វ កណ្តុរ មាន់ ទា ជាដើម  ។​

​សូរ​នៃ​ពាក្យ​"​ផ្ការំដួល​"​ពី​បុរាណ​មក ខ្មែរ​យើង​តែង​ប្រៀបប្រដូច​ស្រី​ក្រមុំ​ទៅនឹង​ផ្ការំដួល​ក៏​ព្រោះតែ​ផ្ការំដួល​មាន​សម្រស់​ស្អាត និង មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួ​ជាទី​ទាក់ទាញ​ពី​សាធារណៈជន​ទូទៅ​។ ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅ នឹង​នារី​ខ្មែរ តាមរយៈ​ក្លិនក្រអូប​នោះ ផ្ការំដួល ក៏ត្រូវ​ក្រុម​អ្នក​កវី និពន្ធ​ខ្មែរ​លើកយក​ទៅធ្វើ​អត្ថាធិប្បាយ​រៀបរាប់​ពី​រូប​សម្រស់​តួអង្គ ដែល​ល្អ គន់​ធៀប​និង​សម្រស់​ផ្ការំដួល​នៅក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង កំណាព្យ និង​ប្រលោមលោក​ផងដែរ​។ ក្នុង​វិស័យ​កសិកម្ម ពូជស្រូវ​ផ្ការំដួល គឺជា​ពូជស្រូវ​ក្រអូប ដែលមាន​អង្ករ វែង​រលូន បាយ ទន់ មាន​រសជាតិ​ក្រអូប​ឆ្ងាញ់​និង​ចាត់ទុកជា​ប្រភេទ​ស្រូវ​ក្រអូប​លេខ​១​សម្រាប់​បម្រើការ​នាំចេញ​ផង ។ 

​របាយការណ៍​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅ​ទីផ្សារ អន្តរជាតិ ចំនួន ៥០៩ ២៤៩ តោន កើនឡើង ៤៩ ០៨០ តោន ស្មើ ១០,៦៧ ភាគរយ បើ​ធៀប រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ ២០២១ ដែលមាន ៤៦០ ១៦៩ តោន ក្នុងនោះ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ៣៤៨ ៥០១​តោន​ស្មើនឹង ៦៨,៤៤​ភាគរយ​,​អង្ក​រស​គ្រប់​ប្រភេទ មាន​ចំនួន ១៤៨ ៩៣៣​តោន ស្មើនឹង ២៩,២៤​ភាគរយ និង អង្ករ​ចំហុយ​គ្រប់​ប្រភេទ​មាន​ចំនួន ១១ ៨១៥​តោន ស្មើនឹង ២,៣២​ភាគរយ ។ សម្រាប់​ខែតុលា ឆ្នាំ ២០២២ ការនាំចេញ​មាន​ចំនួន ៥៩ ៨៨៨ តោន កើន ១០ ៤១៧ តោន ស្មើ ២១,០៦ ភាគរយ​ធៀប​នឹង​ខែតុលា ឆ្នាំ ២០២១​។​ទឹកប្រាក់​បាន​ពី​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២២ មាន ៤៣៥ ៤០៧ ៨៩៥ ដុល្លារ កើនឡើង ១០,៧៩ ភាគរយ​ពី​ចំនួន ៣៩២ ៩៨៤ ៣២៦ ដុល្លារ​កាលពី​រយៈពេល ១០ ខែ​ឆ្នាំ ២០២១  ៕
​ប្រភព​រូប​ឯកសារ​

Related Post

© 2022 by Young Development Research & Consulting Co., Ltd