កសិកម្ម

អ្នកជំនាញ​បង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​

​ភ្នំពេញ​៖ ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​បច្ចុប្បន្ននេះ​កំពុងតែ​រីកចម្រើន​នោះ ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត ត្រូវបាន​អ្នកជំនាញ​បង្ហាញថា នឹងធ្វើ​ឱ្យ​កសិករ​ដែល​ចិញ្ចឹម​គោ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន ខុសប្លែក​ពី​ការ​បង្កាត់​ពូជ​គោ​តាមបែប​ធម្មជាតិ ដែល​អាច​នឹង​ធ្វើឱ្យ​កើតមាន​នូវ​បញ្ហា​ប្រឈម​នឹង​មួយចំនួន​។​

លោក ហ៊ុំ សុ​ផុន អគ្គនាយក​ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD និង​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត ដែល​បានបញ្ចប់​ការសិក្សា​មកពី​ប្រទេស​ថៃ​ផងដែរ​នោះបាន​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​នឹង​ជួយ​ឱ្យ​កសិករ​ដែល​ប្រកបមុខរបរ​ចិញ្ចឹម​គោ​ទទួលបាន​ផល​នូវ​ពូជ​គោ​សុទ្ធ​ល្អ​១០០​ភាគរយ ដោយ​មិន​ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ផ្សេងៗ ជាពិសេស​ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​មាន​លក្ខណៈ​ងាយស្រួល ពោលគឺ​មិនចាំបាច់​តម្រូវឱ្យមាន​កា​រ​ចិញ្ចឹម​គោបា​ដើម្បី​ទុក​សម្រាប់​បង្កាត់​ពូជ និង​ធ្វើឱ្យ​ចំណេញ​ពេលវេលា​នៅក្នុង​ការ​បង្កាត់​ពូជ​ជាដើម​។​លោក​បង្ហាញថា ចំពោះ​ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត បច្ចុប្បន្ននេះ​ក្រុមហ៊ុន​របស់លោក​ក៏មាន​វិធី​ទំនើប ដោយ​ការចាក់​បញ្ចូល​អ័​រមូ​ន​ទៅលើ​មេគោ ដើម្បីឱ្យ​វា​ឆាប់​រក​ឈ្មោល​នៅត្រឹមតែ​រយៈពេល​១១​ថ្ងៃ​បន្ទាប់​ផងដែរ​។​

​អ្នកជំនាញ​ផ្នែក​បច្ចេកទេស​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​ដែលមាន​បទពិសោធន៍រ​យៈ​ពេល​៦​ឆ្នាំ​លើ​ការចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​ទំនើប​រូបនេះ​ក៏បាន​បន្ត​បង្ហាញ​ទៀតថា​៖ កាលពី​សម័យមុន​ដោយសារតែ បច្ចេកវិទ្យា​មិនទាន់​រីកចម្រើន កសិករ​ខ្មែរ​ទូទៅ​ដែល​ចិញ្ចឹម​គោ តែង​និយម​បង្កាត់​ពូជ​គោ​តាមបែប​ធម្មជាតិ តែ​ការធ្វើ​បែបនេះ​ធ្វើឱ្យ​ការទទួល​ផល​គោ​មកវិញ មិនសូវ​សមស្រប​ដូច​តាម​ការចង់បាន​របស់​ម្ចាស់​គោ​នោះទេ ព្រោះ​ភាគច្រើន​នៃ​កូន​គោ​ដែល​កើត​មកវា​មិនបាន​កាត់​ទៅតាម​គោ​ពូជ​នៃ​បា​១០០​ភាគរយ​ឡើយ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ការនាំយក​មេគោ​ទៅ​ដាក់​បា គឺជា​មូលហេតុ​ដែលនាំឱ្យ​មេគោ​នោះ​ត្រូវ​ប្រឈម​នឹង​ការឆ្លង​មេរោគ​ផ្សេងៗ​ពី​គោបា ដែល​បញ្ហា​នេះ​វា​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​មេគោ​ដែល​នឹងត្រូវ​បង្ករ​កំណើត​។​លោក​បន្ត​បញ្ជាក់​ឱ្យដឹងថា «​ដោយសារតែ​គោបា វា​ត្រូវ​ពាក់​មេគោ​ជាច្រើន​ដើម្បី​បង្កាត់​ពូជ​នោះ​!​ដូច្នេះ​គោបា​ដែល​ត្រូវ​បង្កាត់​ពូជ​តាមបែប​ធម្មជាតិ ក្រោយពេល​វា​ពាក់​មេគោ​មួយ​រួច វា​ត្រូវ​ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ​ផ្សេងៗ​ពី​មេគោ​ខ្លះ​ដែលមាន​បញ្ហា​ជំងឺរលាកស្បូន​ដោយសារតែ​ធ្លាក់​សុក​មិន​អស់​នៅពេល​កើតកូន​ជាដើម ហើយ​នៅពេល​វា​ត្រូវបាន​គេ​នាំទៅ​ពាក់​បង្កាត់​ពូជ​ជាមួយ​មេគោ​មួយទៀត​នោះ វា​ងាយ​នឹង​ចម្លង​មេរោគ​ទៅ​មេគោ​មួយទៀត​ណាស់ ដែល​បញ្ហា​នេះ​វា​នឹង​ធ្វើឱ្យ​ការបង្ករ​កំណើត​របស់​មេគោ​ដែល​បាន​បង្កាត់​នោះ​មិន​ទទួលបាន​លទ្ធផល​ល្អ​!»​។​

​ម្យ៉ាងវិញទៀត ដោយសារតែ​បញ្ហា​ពូជ​គោបា​ដែលមាន​នៅក្នុង​ស្រុក​ខ្មែរ​សព្វថ្ងៃនេះ​ភាគច្រើនបំផុត​មាន​ឈាម​មិន​សុទ្ធ​១០០​ភាគរយ​នោះ លោក លោក ហ៊ុំ សុ​ផុន បាន​លើកឡើងថា គឺជា​មូលហេតុ​ធ្វើឱ្យ​លទ្ធផល​នៃ​ការ​បង្កាត់​ពូជ​គោ​តាមបែប​ធម្មជាតិ​មិន​ទទួលបាន​ផល​ល្អ​នោះទេ ពោលគឺ​ក្នុង​លក្ខខណ្ឌ​នេះ​ប្រសិន បើ DNA ខាង​មេគោ​ខ្លាំង​ជាង​គោបា​នោះ លទ្ធផល​នៃ​កូន​គោ​ដែល​កើតចេញ​មកវា​នឹងមិន​កាត់​ទៅតាម​បា​របស់​វា​នោះទេ​។​

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ការ​បង្កាត់​ពូជ​សត្វ​តាមបែប​សិប្បនិម្មិត គឺជា​ការបញ្ចូល​ស្ពែ​ម​(​មេជី​វិត​សត្វ​ឈ្មោល​)​ទៅក្នុង​ស្បូន​របស់​សត្វ​ញី​ដោយ​មធ្យោបាយ​ផ្សេងៗ​ក្រៅ​អំពី​មធ្យោបាយ​ឱ្យ​សត្វ​ឈ្មោល​ពាក់​ដោយផ្ទាល់​ទៅលើ​សត្វ​ញី​។ ក្នុងន័យនេះ​ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត  មានន័យថា គឺជា​ការប្រើប្រាស់​ឧបករណ៍​បាញ់​បញ្ចូល​ស្ពែ​ម​មេជី​វិត​របស់​ពូជ​គោ​ឈ្មោល ទៅក្នុង​តួ​ស្បូន​របស់​មេគោ​ញី ដែល​ការបាញ់​បញ្ចូល​នេះ​ត្រូវធ្វើឡើង​ដោយ​មនុស្ស​។​

​មន្ត្រី​ជំនាញ​ផ្នែក​បសុសត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ បាន​បង្ហាញថា បច្ចុប្បន្ននេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត មានការ​ពេញនិយម​ខ្លាំ​ង​នៅ​ទូទាំង​ពិភពលោក ហើយ​បច្ចេកវិទ្យា​នេះ​ក៏​ចាប់ផ្តើម​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ចិញ្ចឹម​គោ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ផងដែរ ដោយសារតែ​បច្ចេកវិទ្យា​នេះ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ចិញ្ចឹម​គោ​។​ការ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត  គឺ​ជាម​ធ្យា​បាយ​ដ៏​ល្អ​បំផុត​មួយ ដែល​អាចជួយ​ដល់​អ្នក​ចិញ្ចឹម​គោ​ឱ្យទទួល​បាន​នូវ​ផល​គោ​ទៅតាម​ផែនការ​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​ដើម្បី​ជំរុញ​សកម្មភាព​ចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​នោះ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២​កន្លងមក ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  ក៏បាន​អញ្ជើញ​ទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​ជា​លក្ខណៈ​គ្រួសារ​របស់លោក  សេង  សុក​ចិ​ត្រា កសិករ​រស់នៅ​ក្នុងភូមិ​ព្រៃ​ស្រងែ ឃុំ​ប​ល័​ង្គ  ស្រុក​បារាយណ៍  ខេត្តកំពង់ធំ​។ នៅក្នុង​ឱកាស​នេះ ក្រោយពី​បាន​ស្ដាប់​នូវ​របាយការណ៍​បច្ចេក​ទេស​ស្ដីអំពី​ការចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​រួចមក ឯកឧត្ដម ឌិ​ត ឌី​ណា ក៏បាន​ទទួលយក​សំណូមពរ​ពី​ម្ចាស់​កសិដ្ឋាន​ដែល​ស្នើឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​កសិករ​ស្ដីពី​បច្ចេកទេស​នៃ​ការចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​នេះ ។​

​ស្របទៅនឹង​ការបំពេញ​សំណូមពរ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តប​តាម​ការស្នើសុំ​របស់​កសិក​រ​រស់នៅ​ក្នុងភូមិ​ព្រៃ​ស្រងែ ឃុំ​ប​ល័​ង្គ  ស្រុក​បារាយណ៍  ខេត្តកំពង់ធំ ក៏ដូចជា ក្នុង​គោលបំណង​ជួយ​បង្កើត​ការងារ​ដល់​កសិករ​ខ្មែរ​តាមរយៈ​ជំនាញ​ពិតប្រាកដ ដើម្បី​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ជាមួយ​ចក្ខុវិស័យ​ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ​ការចិញ្ចឹម​គោ និង​កែលម្អ​ពូជ​គោ​នៅ​កម្ពុជា​ឱ្យ​ល្អប្រសើរ​នោះ លោក ហ៊ុំ សុ​ផុន ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​មកម្ល៉េះ ពោលគឺ​ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD តែងតែបាន​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​នូវ​ជំនាញ​ចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​ដល់​កសិករ​ទូទៅ​បាន​ចំនួន​១៤ លើក​រួចមកហើយ​។​

​លោក ហ៊ុំ សុ​ផុន បាន​បង្ហាញថា ជាមួយគ្នានេះដែរ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD ក៏បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង​ដើម្បី​ធ្វើ​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីអំពី​ជំនាញ​ចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​លើក​ទី​១៥​បន្តទៀត​។​លោក​ប្រាប់​ឱ្យដឹងទៀតថា​៖ នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​នេះ យើង​ជ្រើស​រើសយក​សិក្ខាកាម​ក្នុង​ចំនួន​ត្រឹមតែ​៣១​នាក់​ប៉ុណ្ណោះ ដោយ​មកដល់ពេលនេះ​យើង​ទទួលបាន​សិក្ខាកាម​ចុះឈ្មោះ​ចូលរៀន​ក្នុង​ចំនួន​២៦​នាក់​ហើយ​។​

​លោក​ក៏បាន​បញ្ជាក់​ឱ្យដឹង​បន្ថែមថា នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​ក្រុម​សាស្ត្រាចារ្យ​ជំនាញ​ដែលមាន​គរុកោសល្យ​ច្បាស់លាស់​មកពី​សកលវិទ្យា​ល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង និង​ក្រុម​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​សត្វ​ចូលរួម​បង្រៀន ដោយ​ធ្វើការ​អនុវត្ត​ផ្ទាល់​ជាមួយ​បច្ចេកទេស នៃ​ការ​បង្កាត់​ពូជ​តាមបែប​សិប្បនិម្មិត​ទៅលើ​សត្វ​គោ​ពិតប្រាកដ ជាពិសេស​ក៏មាន​ការបង្រៀន​បង្ហាញ​អំពី​សរីរាង្គ​របស់​សត្វ​គោ ការវះកាត់​ស្បូន​គោ​បង្ហាញ​អំពី​វដ្ដ​នៃ​ការបង្ករ​កំណើត និង​ការបង្រៀន​អំពី​បច្ចេកទេស​ពិនិត្យ​លើ​គុណភាព​មេជី​វិត​រស់​របស់​គោ​ជាដើម​ផងដែរ​។ លោក​បន្តថា សម្រាប់​សិក្ខាកាម​ដែល​មានបំណង​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​លើក​ទី​១៥​នេះ អាចទាក់ទង​មក​ក្រុមហ៊ុន​របស់លោក​បាន​តា​មរយៈ​អាសយដ្ឋាន​ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៧ បុរី​រតនៈ​ភ្នំពេញ ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង​៥​ល្ងាច នៅក្នុង​បរិវេណ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង​។​វគ្គ​បណ្ដុះបណ្ដាល​នេះ​តម្រូវឱ្យ​សិក្ខាកាម​ដែល​ចុះឈ្មោះ​ចូលរៀន​ត្រូវ​បង់ថ្លៃ​សិក្សា​ចំនួន​១៥៣​ដុល្លារ​អាមេរិក ជាមួយ​ការទទួលបាន​កន្លែង​ស្នាក់នៅ អាហារ​បរិភោគ​ក្នុង​មួយថ្ងៃ​៣​ពេល​សម្រាប់​រយៈពេល​រៀន​ចំនួន​៣​ថ្ងៃនេះ និង​ឯកសារ​សិក្សា​ជាច្រើន​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​លោក ហ៊ុំ សុ​ផុន ក៏បាន​ឱ្យដឹង​ដែរ​ថា ក្រៅពី​ការបើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការចិញ្ចឹម និង​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត ដែល​តែងតែ​ធ្វើ​ឡើងជា​ញឹកញាប់​ក្រោម​កិច្ចសហការ​ជាមួយនឹង​ផ្នែក​ពាក់ព័ន្ធ​នានា​នោះ ក្រុមហ៊ុន BP Cattle Breeder (Cambodia) Co, LTD ក៏មាន​មេជី​វិត​សម្រាប់​ធ្វើការ​បង្កាត់​ពូជ​គោ និង​ឧបករណ៍​សម្រាប់​ជំនាញ​បង្កាត់​ពូជ​គោ​តាមបែប​សិប្បនិម្មិត​ដែល​នាំចូល​មកពី​បរទេស​ដើម្បី​លក់​ជូន​ដល់​កសិករ​ទូទៅ​ថែម​ទៀតផង​៕

Related Post

© 2022 by Young Development Research & Consulting Co., Ltd