ផ្លែមៀនស្រស់ប្រទេសកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ

ផ្លែមៀនស្រស់របស់ប្រទេសកម្ពុជា បានសម្រេចក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ នាព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងពិធីសម្ពោធ ការនាំចេញផ្លែមៀនស្រស់នេះបានធ្វើឡើងក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនធាន Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានមានប្រសាសន៍លើកឡើងថា នេះគឺជាជោគជ័យថ្មីមួយទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ (កម្ពុជា- ចិន)ពីឆ្នាំ២០១២ ក្នុងទំនាក់ទំនងការទូតដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាន និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិផលផ្សេងទៀតរបស់ប្រទេសកម្ពុជា ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន ផ្តល់អនុសាសន៍មួយចំនួន សម្រាប់អគ្គនាយកដ្ឋានកសិកម្ម ក្នុងរួមមាន ៖ ១. ត្រូវពង្រឹងការចុះត្រួតពិនិត្យអនុលោមភាពអនាម័យ និងភូត្តគាមអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលឆ្លងនៃសមាសភាពចង្រៃ ទាំងសម្រាប់ការនាំចូល និងការនាំចេញមុខទំនិញកសិកម្ម ២. ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ក្នុងក្របខណ្ឌនៃការការពាររុក្ខជាតិ និងភូត្តគាមអនាម័យ ៣. ត្រូវចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាលើមុខទំនិញកសិកម្មដែលបានបើក ទីផ្សារ និងមានសក្តានុពលរបស់កម្ពុជា ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីជំរុញការចរចាបើកទីផ្សារបន្ថែម និង ៤. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពជំនាញឱ្យបានកាន់តែទូលំទូលាយ ស៊ីជម្រៅ និងរឹងមាំថែមទៀត ដើម្បីជំរុញការចរចា និងអនុវត្តវិធានការអនាម័យ និងភូត្តគាមអនាម័យ សំដៅសម្រួល ពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជា។
ដោយឡែកសម្រាប់ក្រុមហ៊ុនវិនិយោគ វិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចផងដែរអំពីការអនុវត្តន៍ឱ្យបានម៉ត់ចត់ ប្រកបដោយការទទួលខុត្រូវខ្ពស់ នូវស្តង់ដារអនាម័យ និងភូត្តគាមអនាម័យ ប្រទេសចិន ដើម្បីធានាបានទាំងគុណភាព និងសុវត្ថិភាពនៃកសិផលនាំចេញ សំដៅថែរក្សាទីផ្សារ និង ពង្រឹងទំនុកចិត្ត និងការពេញចិត្តរបស់អ្នកប្រើប្រាស់លើកសិផលកម្ពុជា និង ត្រូវពង្រឹងការសិក្សាស្វែងយល់ឱ្យច្បាស់លាស់ អំពីតម្រូវការ និងការឆ្លើយតបពីអ្នកប្រើប្រាស់ ចំពោះកសិផលកម្ពុជា ដើម្បីជំរុញបង្កើនការផ្គត់ផ្គង់ ឬធ្វើពិពិធកម្មមុខទំនិញ ដែលត្រូវនាំចេញ ឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារប្រទេសចិន។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងល្អ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកសិកម្មជាមួយ កម្ពុជា៕
ប្រភពរូបភាព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
Related Post
