កសិកម្ម

អ្នកផ្គត់ផ្គង់​ទីផ្សារ​ថា ផ្លែក្រូច​ពោធិ៍សាត់​ដាំ​នៅ​ស្រុក​ភ្នំក្រវាញ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​

​ខេត្តពោធិ៍សាត់​៖ កសិផល​ផ្លែក្រូច​ពោធិ៍សាត់​ដែល​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ទឹកដី នៃ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងពេល​បច្ចុប្បន្ននេះ ត្រូវបាន​អ្នកផ្គត់ផ្គង់​លើ​ទីផ្សារ​បង្ហាញថា កំពុង​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ទូទៅ ដោយ​នៅក្នុង​ថ្ងៃ​ខ្លះ​ការផ្គត់ផ្គង់​កសិផល​នេះ​ទៅលើ​ទីផ្សារ​ធ្វើ​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​នោះទេ​។​

​លោក យន់ សារិន ប្រធាន​ក្រុមការងារ​មោលី​បន្លែ​ផ្លែឈើ​ត្រី​សាច់​សហគមន៍​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​បាន​និយាយ​ឱ្យដឹង​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ ថា នៅក្នុង​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ កសិផល​ផ្លែក្រូច​ពោធិ៍សាត់​ដែល​ប្រជាកសិករ​បាន​ដាំ​ដុះ​នៅក្នុង​ទឹកដី​នៃ​ស្រុក​ភ្នំក្រវាញ បានទទួល​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ទូទៅ​គួរឱ្យកត់សម្គាល់​។ លោក​ថា បើទោះបី​មិនមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដូចជា ក្រូចពោធិ៍សាត់​ដែល​ត្រូវបាន​ដាំ​ដុះ​នៅ​តំបន់ភ្នំ​បាណន់ និង​អូរ​ខ្ជាយ នៃ​ទឹកដី​ខេត្តបាត់ដំបង​ក៏ដោយ ក៏​ក្រូចពោធិ៍សាត់​ដែល​បាន​ដាំ​នៅ​តំបន់ភ្នំ​ក្រវាញ​មានគុណ​ភាពល្អ និង​រសជាតិ​ឆ្ងាញ់​ធ្វើឱ្យ​អ្នក​ដែល​បាន​បរិភោគ​ជាច្រើន​ពេញចិត្ដ​ដែរ​។​

​ប្រធាន​ក្រុមការងារ​មោលី និង​ជា​ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់​នៅក្នុង​ទឹកដី​ភូមិ​កំពង់​ក្ទម្ព ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ផងដែរ​រូបនេះ​ក៏បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន កសិផល​ផ្លែក្រូច​ពោធិ៍សាត់​ភ្នំក្រវាញ​ត្រូវបាន​លក់​ចែកចាយ​នៅលើ​ទីផ្សារ​ទូទាំងប្រទេស ក្នុងនេះ​ទីផ្សារ​សំខាន់ៗ​មានដូចជា នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម​។​លោក យន់ សារិន ប្រាប់ថា​៖ សព្វថ្ងៃនេះ​ផ្លែក្រូច​ពោធិ៍សាត់​ភ្នំក្រវាញ ក្រៅពី​បាន​នាំយកទៅ​លក់​នៅលើ​ទីផ្សារ​ទូទៅ​នោះ យើង​ក៏មាន​នាំយកទៅ​ដាក់លក់​នៅតាម​ផ្សារ​ទំនើប​នានា ពិសេស​ក៏មាន​ភោជនីយដ្ឋាន​យីហោ​ល្បីៗ​មួយចំនួន​ដូចជា ភោជនីយដ្ឋាន​ផាក​កាហ្វេ ជាដើម បាន​បញ្ជា​ទិញ​ជាប្រចាំ​ឆ្នាំ​ដើម្បី​យកទៅ​ច្នៃ​ធ្វើជា​ភេសជ្ជៈ​លក់​ជូន​អតិថិជន​របស់ខ្លួន​ផងដែរ​។​

​លោក យន់ សារិន បង្ហាញថា លក្ខណៈពិសេស​នៃ​កសិផល​ផ្លែក្រូច​ពោធិ៍សាត់​ដែល​បាន​ដាំ​ដុះ​នៅ​តំបន់​ភ្នំក្រវាញ គឺមាន​រសជាតិ​ជូ​អែម​ឆ្ងាញ់ ហើយ​លើសពីនេះ​គឺ​ក្រូចពោធិ៍សាត់​ប្រចាំ​តំបន់ភ្នំ​ក្រវាញ​ត្រូវបាន​ប្រជាកសិករ​ដាំ​ដុះ​ឡើង​ដោយ​ប្រើ​ជីធម្មជាតិ ពោលគឺ​មិនមាន​ការប្រើប្រាស់​ថ្នាំ និង​សារធាតុ​គីមី​នោះទេ​។​បើ​ប្រៀបធៀប​ជាមួយ​ក្រូចពោធិ៍សាត់​ដែល​ដាំ​នៅក្នុង​ខេត្តបាត់ដំបង​នោះ លោក យន់ សារិន លើកឡើងថា សព្វថ្ងៃនេះ ទិន្នផល​ផ្លែក្រូច​ពោធិ៍សាត់​ដែល​បាន​ដាំ​ដុះ​នៅ​ស្រុក​ភ្នំក្រវាញ​បានផ្ដល់​ផល​មាន​បរិមាណ​ច្រើន​អាចឱ្យ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​បាន​ទូលំទូលាយ និង​អាចឱ្យ​ធ្វើការ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ក្នុង​រយៈពេល​យូរ​ខែ​ជាង ហើយ​ដោយសារតែ​មានតម្លៃ​ទាប​ជាង​ផ្លែក្រូច​ពោធិ៍សាត់​បាត់ដំបង​ផងដែរ​នោះ បានធ្វើឱ្យ​កសិផល​ផ្លែក្រូច​ពោធិ៍សាត់​ភ្នំក្រវាញ​ត្រូវបាន​លក់​ចេញ​ក្នុង​មួយឆ្នាំៗ​អស់​រាប់សិប​តោន​ឯណោះ​។​

​បើតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់​បានបង្ហាញ​ថា ស្រុក​ភ្នំក្រវាញ​គឺជា​ស្រុក​មួយ​របស់​ទឹកដី​នៃ​ខេត្តពោធិ៍សាត់ ដែលមាន​ផ្ទៃដី​ដាំ​ដុះ​នូវ​ដំណាំ​ក្រូចពោធិ៍សាត់​ច្រើនជាងគេ​។​ស្រុក​ភ្នំក្រវាញ គឺជា​ស្រុក​មួយរ​ដែលមាន​សក្ដានុពល​ខ្លាំង និង​អំណោយផល​ល្អ​លើ​ការដាំដុះ​ដំណាំ​កសិកម្ម ពិសេស​គឺ​ដំណាំ​ក្រូចពោធិ៍សាត់​តែម្ដង​។ ប្រភព​ដដែល​បានបង្ហាញ​ទៀតថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដំណាំ​ក្រូចពោធិ៍សាត់​ក៏ត្រូវ​បាន​កសិករ​រស់​នៅក្នុង​ស្រុក​វាលវែងរ​បស់​ខេត្តពោធិ៍សាត់ នាំគ្នា​ដាំ​ដុះ​ជា​បន្តបន្ទាប់​ផងដែរ​។​

​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​បាននាំគ្នា​ងាក​មក​គាំទ្រ​កសិផល​ក្នុងស្រុក​យ៉ាង​ផុលផុស​នោះ លោក យន់ សារិន បង្ហើប​ថា​៖ ការផ្គត់ផ្គង់​ផ្លែក្រូច​ពោធិ៍សាត់​ភ្នំក្រវាញ​នៅលើ​ទីផ្សារ​ក្នុងស្រុក​នៅ​ឆ្នាំនេះ មិនអាច​បំពេញបាន​តា​ម​តម្រូវការ​នោះទេ ដោយ​ថ្ងៃ​ខ្លះ​យើង​គ្មាន​ផ្លែក្រូច​លក់​ឱ្យ​អតិថិជន​តប​បាន​តាម​ការបញ្ជាទិញ​ឡើយ​។ លោក​ប្រាប់ថា បញ្ហា​នេះ​ដោយសារតែ​តម្រូវការ​ទីផ្សារ​មាន​សន្ទុះ​កំណើន​ឡើង​ខ្លាំង ខណៈដែល​បរិមាណ​ផ្លែក្រូច​ពោធិ៍សាត់​តំបន់ភ្នំ​ក្រវាញ​នៅក្នុង​ឆ្នាំនេះ​ផ្ដល់​ផល​មានការ​ធ្លាក់ចុះ​បណ្ដាលមកពី​កត្តា​មួយចំនួន​។​

​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​ថា ក្រូចពោធិ៍សាត់ គឺជា​ដំណាំ​កសិកម្ម​មួយ​ប្រភេទ​ដែល​ទាមទារ​ដាំ​ដុះ​នៅលើ​ដី​តំបន់​ទួល តាម​ដង​ទន្លេ និង​តំបន់​ខ្ពង់រាប មានដូចជា នៅ​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់​ជាដើម ហើយ​តំបន់​ដែល​អាច​ដាំ​ក្រូចពោធិ៍សាត់​ដើម្បីឱ្យ​ផល​បានល្អ ត្រូវតែ​ជា​តំបន់​ដែលមាន​លក្ខណៈ​អាកាសធាតុ​សមស្រប មាន​ភ្លៀង​ធ្លាក់​ច្រើន តែ​ស្ថានភាព​ដី​មិន​ដក់​ទឹក ដី​ស្រទាប់​ទីមួយ​ធូរ ជ្រៅ ស្រោះទឹក​ល្អ ហើយ​ដី​ត្រូវតែមាន​ជីជាតិ​គ្រប់គ្រាន់  ។​

​ប្រភព​ដដែល​បាន​បង្ហាញថា ការដាំ​ដំណាំ​ក្រូចពោធិ៍សាត់​នៅ​កម្ពុជា​យើង​ត្រូវបាន​កសិករ​ធ្វើឡើង​តាម​វិធីសាស្ត្រ និង​បច្ចេកទេស​ចំនួន​៣​មាន ទី​១៖​ការបណ្ដុះ​កូន​ដោយ​គ្រាប់ពូជ ដែល​វិធី​នេះ​ត្រូវ​ប្រើពេល​យូរ​ចាប់ពី​៤​ទៅ​៦​ឆ្នាំ​ទើប​អ្នក​ដាំ​អាច​ប្រមូល​ផល​បាន​។ ទី​២៖​ការ​បំបៅ​មែក ដែល​វិធី​នេះ​ត្រូវបាន​កសិករ​និយម​ប្រើ​ព្រោះ​មាន​ភាពងាយស្រួល និង​ចំណាយ​ទុន​តិច ហើយ​បើ​ទោះ​វា​មាន​អាយុ​ខ្លី​ឆាប់​ងាប់ តែ​វា​នឹង​ឆាប់​បានផ្ដល់​ផល​ត្រឹមតែ​២​ទៅ​៣​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយពេល​ដាំ និង​ទី​៣៖​ការបិទ​ពន្លក និង​ការ​ផ្សាំ​មែក ដែល​វិធី​នេះ​កសិករ​និយម​អនុវត្ត​សម្រាប់​ការដាំ​នៅលើ​ដីចម្ការ​ដែលមាន​ទំហំ​ធំ ពោលគឺ​បើ​ទោះ​មានការ​ចំណាយ​ទុន​ច្រើន តែ​ដើម​ក្រូច​ដែល​ដាំ​បាន​តាម​វិធី​នេះ​វា​នឹង​អាចរ​ស់បាន​នៅក្នុង​អាយុកាល​ចាប់ពី​១៥ ទៅ​២០​ឆ្នាំ ហើយ​ក្រោយពេល​ដាំ​បានត្រឹមតែ​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ​វា​នឹង​ផ្ដល់​ផល​បាន​ផងដែរ​៕

Related Post

© 2022 by Young Development Research & Consulting Co., Ltd