លោក ហាក់ សេងហួ កសិករគំរូទទួលជោគជ័យលើការដាំទំពាំងបារាំងនៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ តាមរយៈគម្រោងកម្មវីធី ASPIRE ដែលអនុវត្តដោយអង្គការ CRDT លើសកម្មភាពបណ្តុះបណ្តាលអំពីបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់កសិករនៅក្នុងឃុំចំនួន៤ នៃស្រុកចំនួន ៣របស់ខេត្តត្បូងឃ្មុំ ដែលមានអ្នកទទួលផលចំនួនប្រមាណ ១៣៧គ្រួសារនោះ លោក ហាក់ សេងហួ ត្រូវបានចាត់ទុកថា ជាកសិករគំរូដែលទទួលបានជោគជ័យលើការដាំដំណាំទំពាំងបារាំង។
បច្ចុប្បន្ន លោក ហាក់ សេងហួ មានទីលំនៅស្ថិតក្នុងភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។បុរសសម្បុរស្រអែមដែលមានវ័យ៣១ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងថា ពីមុនលោកចូលចិត្តដាំដំណាំបន្លែគ្រប់រដូវ ពោលគឺលោកពីមុនលោកនិយមដាំបន្លែតាមតែទម្លាប់ដែលមានតាំងពីបុរាណ។លោកបញ្ជាក់ថា ការដាំដុះបន្លែតាមបេបបុរាណបានធ្វើឱ្យលោកជួបបញ្ហាច្រើន ការប្រើកម្លាំងពលកម្ម និងការចំណាយដើមទុនក៏ច្រើនដែរ ហើយដំណាំរបស់លោកទៀតសោតក៏ទទួលរងនូវផលប៉ះពាលដោយសារស្មៅចង្រៃ មានសត្វល្អិតស៊ីបំផ្លាញ មានជំងឺច្រើនធ្វើឱ្យរលួយ និងលូតលាស់មិនសូវល្អ ផលដំណាំរងការខូចខាតច្រើន ទទួលបានទិន្នផលតិច និងមានតម្លៃទាបនៅលើទីផ្សារ។
លោកសង្កត់ធ្ងន់ថា «បញ្ហាទាំងអស់នេះដោយសារតែខ្ញុំមិនចេះអំពីបច្ចេកទេសរៀបចំដី រៀបចំរង វិធីសាស្ត្រក្នុងការបណ្តុះកូនដំណាំ ការគ្រប់គ្រងសត្វល្អិត ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ថ្នាំពុលធម្មជាតិ រួមទាំងការប្រើប្រាស់ទឹកដែលជាកត្តាធ្វើឱ្យខ្ញុំទទួលរងនូវការខាតបង់ច្រើន!»។
បុរសដែលមានភរិយាជាកសិករ និងកូនពីរនាក់នៅក្នុងបន្ទុកគ្រួសាររូបនេះក៏បានបង្ហាញឱ្យដឹងដែរថា ដោយសារតែការចង់ចេះចង់ដឹងចង់រៀនអំពីបច្ចេកទេសដាំំដំណាំកសិកម្មឱ្យបានប្រសើរនោះ លោកក៏បានចូលជាសមជិកគម្រោងរបស់កម្មវីធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ក្រោមការអនុវត្តន៍ដោយអង្គការCRDT ដែលបានមកបណ្តុះបណ្តាលអំពីបច្ចេកទេសដាំដុះដំណាំបន្លែបែបវៃឆ្លាតតាមបច្ចេកទេសកសិកម្មទំនើបនៅក្នុងមូលដ្ឋានផ្ទាល់។
បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលនេះរួចមក លោក ហាក់ សេងហួ ប្រាប់ថា លោកទទួលបានចំណេះដឹងថ្មីៗជាច្រើនទាក់ទងនឹងការដាំដំណាំកសិកម្មមានដូចជា បច្ចេកទេសនៃការរៀបចំដី ការធ្វើរង លើករងដំណាំ រងបណ្តុះកូនដំណាំ ការសម្លាប់មេរោគក្នុងដីនៅមុនពេលដាំដុះ វិធីសាស្ត្របណ្តុះកូនដំណាំ ការដកកូនដំណាំយកទៅដាំ ការស្ទួងកូនដំណាំ ការស្រោចទឹកកូនដំណាំ ការថែទាំកូនដំណាំក្រោយពេលស្ទួង ការថែទាំដំណាំ ការកម្ចាត់សត្វល្អិតចង្រៃ វិធីការពារជំងឺលើដំណាំ និងការប្រើប្រាស់ជីជាដើម ហើយពិសេសបំផុតនោះគឺលោកក៏បានចេះនូវបច្ចេកទេសផលិតជីកំប៉ុស្តិ៍គោក ជីកំប៉ុស្តិ៍ទឹក ចេះផលិតថ្នាំពុលផ្សំពីធម្មជាតិ ចេះរៀបចំប្រព័ន្ធស្រោចស្រពដំណាំ ចេះពីការគ្រប់គ្រងទឹក ដឹងពីរដូវកាលដាំំដុះដំណាំ ចេះប្រមូលផលដំណាំ និងចេះស្វែងយល់អំពីការដាំដំណាំឱ្យត្រូវនឹងតម្រូវការទីផ្សារថែមទៀតផង។
ដោយសារទទួលបានចំណេះដឹងល្អប្រសើរទាក់ទងនឹងបច្ចេកទេសកសិកម្មថ្មីនេះ សព្វថ្ងៃលោក ហាក់ សេងហួ បានធ្វើការដាំដំណាំបន្លែពីរមុខគឺ ទំពាំងបារាំង និងម្រះ នៅលើផ្ទៃដីទំហំប្រមាណ៣,០០០ម៉ែត្រការ៉េ ដោយការដាំដំណាំទាំងពីរមុខនេះលោកបានចំណាយដើមទុនអស់ចំនួនជាង ១លាន ៨សែនរៀលជាចំណាយដែលកាត់រំលស់រួចក្នុងមួយខួបផលិតកម្ម។ក្នុងនេះលោកក៏បានចំណាយទៅលើគ្រាប់ពូជចំនួន៥០ម៉ឺនរៀល ជីកំប៉ុស្តិ៍ចំនួន៣០ម៉ឺនរៀល ភ្លើងចំនួន១២ម៉ឺនរៀល ជីកសិកម្មចំនួន៣៦ម៉ឺនរៀល កម្លាំងពលកម្មចំនួន៤០ម៉ឺនរៀល ទុយោទឹកចំនួន២៥ម៉ឺនរៀល ម៉ាស៊ីនបូមទឹកចំនួន៨០ម៉ឺនរៀល បង្គោលចំណារចំនួន៣០ម៉ឺនរៀល និងគោយន្តចំនួន៧លានរៀលផងដែរ។
ស្របពេលដែលដំណាំទាំងពីរមុខកំពុងឱ្យផល និងមានតម្លែក្នុងទីផ្សារនោះ លោក ហាក់ សេងហួបានឱ្យដឹងថា ពេលនេះទំពាំងបារាំងដែលលោកបានដាំដុះនោះក៏បានឱ្យផលបណ្តើរៗហើយ។ ទំពាំងបារាំងត្រូវការរយៈពេលយូរទើបបានផលច្រើន។ក្រៅពីទំពាំងបារាំងដំណាំម្រះរបស់លោកក៏បានឱ្យដែរ។បច្ចុប្បន្នលោកបានប្រមូលផលបន្លែទាំងពីរមុខនេះលក់ទៅឱ្យឈ្មួញបន្លែនៅផ្សារសួងជាប្រចាំដោយផលផ្លែម្រះលោកអាចលក់បានក្នុងតម្លៃ២,៥០០រៀលក្នុងមួយគីឡូក្រាម និងទំពាំងបារាំងលោកអាចលក់បានក្នុងតម្លៃ១០,០០០រៀលក្នុងមួយគីឡូក្រាម។ លោកក៏បានបង្ហាញឱ្យដឹងផងដែរថា «ចំពោះដំណាំទាំងពីរមុខនេះបានផ្តល់ចំណូលឱ្យគ្រួសារខ្ញុំបានចំនួន៣,៥៥០,០០០រៀលនៅក្នុងមួយវដ្តដំណាំ ហើយតាមរយៈចំណូលទាំងនេះបានជួយធ្វើឱ្យគ្រួសារខ្ញុំមានជីវភាពធូរធារជាងមុន!»។
លោក ហាក់ សេងហួ បានបន្តថា ក្រៅពីការទទួលបាននូវផលចំណូលនោះ លោកក៏បានយកចំណេះដឹងនបច្ចេកទេសកសិកម្មដែលលោកបានចេះនេះទៅជួយបង្ហាញ និងបង្រៀនដល់កសិករនៅក្នុងភូមិឱ្យចេះដាំដំណាំទំពាំងបារាំង និងម្រះផងដែរ ដោយបង្រៀនបងប្អូនកសិករក្នុងភូមិឱ្យចេះផលិតជី ឱ្យចេះអំពីវិធីសាស្ត្របណ្តុះកូនបន្លែ ការថែទាំកូនដំណាំក្រោយពេលបណ្តុះ និងការៀបចំរងដាំទំពាំងបារាំង ប្រព័ន្ធទឹកសាច ដើម្បីឱ្យចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងទទួលបានផលខ្ពស់ថែមទៀតផង។
កសិករគំរូរូបនេះក៏បានលើកឡើងផងដែរថា ជំនួសឱ្យសមាជិកក្រុមកសិករកទាំងអស់ក្នុងមូលដ្ឋានលោកសូមថ្លែងអំណរគុណចំពោះអង្គការCRDT និងកម្មវិធីASPIRE ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលបានជួយបង្ហាត់បង្រៀនបច្ចេកទេស និងផ្តល់សម្ភារៈគាំទ្រសម្រាប់ដាំដុះដំណាំបន្លែមួយចំនួនដល់ក្រុមកសិករនៅក្នុងមូលដ្ឋាន។លោក ហាក់ សេងហួ បានប្ដេជ្ញាយកចំណេះជំនាញទាំងអស់នេះទៅអនុវត្ត និងបង្ហាញបន្តដល់កសិករក្នុងមូលដ្ឋានឱ្យចេះពីបច្ចេកទេសដាំដុះបន្លែ និងអនុវត្តតាមដើម្បីផ្តល់ជាអត្ថប្រយោជន៍ក៏ដូចជា លើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ហើយលើសពីនេះគឺធ្វើយ៉ាងណាបង្កើនការដាំបន្លែឱ្យបានកាន់តែច្រើន និងមានគុណភាពល្អស្របតាមតម្រូវការទីផ្សារ និងតម្រូវការអ្នកបរិភោគ ជាពិសេសកាត់បន្ថយការនាំចូលបន្លែពីបរទេសផងដែរ៕
Related Post
