កសិកម្ម

បង្ហាញ​លទ្ធផល​ការអង្កេត​វាស់វែង​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​កម្រិត​១​ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា

លទ្ធផល​នៃ​ការធ្វើអង្កេត​វាស់វែង​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​កម្រិត​១​ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​កាលពី​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សាន់វេ ភ្នំពេញ ដែល​បាន​រៀបចំឡើង​ដោយ​អង្គភាព​សម្របសម្រួល​គ​ម្រោ​ង​នៃ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVETSDP) ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៥-២០១៧​អនុវត្ត​ដោយ​ក្រុមហ៊ុន Young Development Research & Consulting Co., Ltd និង IDRG Company​សហការ​រួមគ្នា​ស្រាវជ្រាវ​។​

​ឯកឧត្តម ថង សាម៉ុន ទីប្រឹក្សា​អម​ក្រសួង អគ្គនាយករង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ជា​ប្រធាន​សម្របសម្រួល​គម្រោង​TVETSDP បានបង្ហាញ​ឲ្យ​ដឹងថា តាមរយៈ កម្មវិធី​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ TVETSDP ដែល​បាន​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD) អង្គភាព​សម្របសម្រួល​បានរៀបចំ​ធ្វើការ​វាស់វែង​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​កម្រិត​១​ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា លើ​វិស័យ​អាទិភាព​ចំនួន​៤ រួមមាន​៖ វិស័យ​មេកា​និក​រថយន្ត វិស័យ​សំណង់ វិស័យ      អគ្គិសនី និង​វិស័យ​កម្មន្តសាល ក្នុង​គោលបំណង​ដើម្បី​សិក្សា​ឲ្យ​ដឹង​ច្បាស់​ពី​ស្ថានភាព​ការងារ រួមទាំង​ផលិតភាព​ការងារ​របស់​សិស្ស ដែល​បានបញ្ចប់​ការសិក្សា និង​ប្រតិសកម្ម​(Feedback) ពី​និយោជក ដើម្បី​ជា​មូលដ្ឋាន​យកទៅ​រៀបចំ​ផែនការ អភិ​វិ​ឌ្ឍ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត ទាំង​ក្នុងស្រុក និង​ក្នុង​តំបន់​។​
​ឯកឧត្តម​ប្រធាន​គម្រោង​បាន​ឲ្យ​ដឹង​បន្ថែមថា ៖ ការរៀបចំ​ការធ្វើអង្កេត​ការវាស់វែង​នេះ គឺជា​ការសិក្សា​ស្រាវជ្រាវ​ឯករាជ្យ​មួយ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន Young Development Research & Consulting Co., Ltd និង IDRG Company ដែល​បាន​សហការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​។ ការសិក្សា​អង្កេត​ធ្វើឡើង​ចាប់ពី​កម្រិត​១​ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ក្នុង​វិស័យ​អាទិភាព​ចំនួន​៤ លើ​១១ មុខរបរ គឺ​ទី​១ វិស័យ​មេកា​និក​រថយន្ត មាន​៤​មុខរបរ រួមមាន​៖ ការថែទាំ និង​ជួសជុល​រថយន្ត ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ការថែទាំ និង​ជួសជុល ទោចក្រយានយន្ត និង​ការបញ្ជា ថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត ការថែទាំ និង​ជួលជុល​ទោចក្រយានយន្ត និង​ការបញ្ជា ថែទាំ និង​ជួសជុល​គ្រឿងយន្ត​កសិកម្ម ធុន​ស្រាល ទី​២ វិស័យ​សំណង់ មាន​២​មុខរបរ រួមមាន​៖ ការងារ​កំបោរ និង​ការដំឡើង​បណ្តាញ​បំពង់​ទឹក ទី​៣ វិស័យ​អគ្គិសនី មាន​១​មុខរបរ រួមមាន​៖ ការដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ និង​ទី​៤ វិស័យ​កម្មន្តសាល​មាន​៤​មុខរបរ រួមមាន​៖ ការ​ផ្សា​ដោយ​អគ្គិសនី ការ​ផ្សា​ឧស្ម័ន ការកែច្នៃ​បន្លែ និង​ផ្លែឈើ និង​សេវាកម្ម​ថែទាំ​បរិក្ខារ​មេកា​និក​។​

​អគ្គនាយករង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រូបនោះ បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា គ្រឹះស្ថាន​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​សិក្សា​មាន​ចំនួន ១៧​រួមមាន​៖ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (​មជ្ឈមណ្ឌល​ឧត្តមភាព​កម្មន្តសាល​) វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ (​មជ្ឈមណ្ឌល ឧត្តមភាព​អគ្គិសនី​) សាលា​មធ្យមសិក្សា​បច្ចេក​ទេស ហ្ស៊ី េ​វ៉ សេ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង  វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង ( មជ្ឈមណ្ឌល​ឧត្តមភាព​មេកា​និក​រថយន្ត​) វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​សៀមរាប វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយរៀង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ,  វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ (​មជ្ឈមណ្ឌល​ឧត្តមភាព​សំណង់​) វិទ្យា​សា្ថ​ន​ពហុបច្ចេកទេស ខេត្តពោធិ៍សាត់ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ វិទ្យាស្ថាន​ពហុបច្ចេកទេស​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តក្រចេះ​។​

​ឯកឧត្តម ថង សាម៉ុន បាន​ឲ្យ​ដឹង​បន្ថែមថា ការសិក្សា​ស្រាវជ្រាវ​នេះ បានជ្រើសរើស​យក​គំរូ​សំណាក​សិស្ស​បញ្ចប់​ការសិក្សា​លើ​មុខរបរ ទាំង​១១ សរុប​ចំនួន ១២៧៥ នាក់ ក្នុងចំណោម​សិស្ស ៥ ២០៦​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ក្រុមហ៊ុន​សហគ្រាស​ចំនួន ២២៤ និង​គ្រូ​បច្ចេកទេស​ចំនួន ៦៣ នាក់ ដោយ​អនុវត្តតាម​បទដ្ឋាន​ស្ថិតិ គឺ​ភាពជឿជាក់ ៩៥ ភាគរយ និង​ភាពលម្អៀង ៥ ភាគរយ​។ ឯកឧត្តម​បាន​បន្តថា​៖ មុននឹង​ក្រុមហ៊ុន​ចាប់ផ្តើម​ចុះ​សិក្សា​ស្រាវជ្រាវ អង្គភាព​សម្របសម្រួល​គម្រោង បាន​ប្រជុំ​ជាមួយ​ក្រុមហ៊ុន ព្រមទាំង​ទទួលបាន​យោបល់ និង​អនុសាសន៍​ណែនាំ​ពី​តំណាង ADB និង AFD លើ​ផែនការ​សិក្សា​ស្រាវជ្រាវ រួមទាំង​មានការ​ពិភាក្សា​ជា​បន្តបន្ទាប់​លើ​ដំណើរការ​ស្រាវជ្រាវ​ចាប់តាំងពី​ដំណាក់កាល​ដំបូង រហូត​ទទួលបាន​លទ្ធផល និង​បានដាក់​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​ក្នុង​សិក្ខាសាលា​នាពេលនេះ​។​

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​នាយក​គម្រោង ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ថ្នាក់ជាតិ នាពេលនោះ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ធនាគា​រ អភិវឌ្ឍន៍អាស៊ី (ADB) និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD) ដែល​តែងតែ​ជួយ​គាំទ្រ​លើ​ការងារ​អភិវឌ្ឍ​វិស័យ TVET នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បណ្ឌិត ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុន Young Development Research & Consulting Co., Ltd និង​IDRG Company  សហការ​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ក្រុមការងារ​របស់​អង្គភាព​សម្របសម្រួល​គ​ម្រោ​ង ដែល​បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការអង្កេត​វាស់វែង​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​កម្រិត​១ ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា នាពេលនេះ​។ 

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន  បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ៖ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជា​កិច្ចការ​សំខាន់​សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជាតិ​។ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នៅតែ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការពង្រឹង​គុណភាព​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំដៅ​ឆ្ពោះទៅ​សម្រេច ទស្ស​ទាន “ យុវជន​ម្នាក់ ត្រូវមាន​បំ​ណិ​ន​ជីវិត​មួយ​យ៉ាងតិច​”​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បណ្ឌិត ក៏បាន​លើកឡើង​អំពី​សារៈសំខាន់ TVET  គឺជា​ផ្លូវ​១ គឺជា​ឧបករណ៍​មួយ ជា​មធ្យោបាយ​មួយ ខ្លី​បំផុត និង​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​កាត់បន្ថយ​ភាព​ក្រី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​។ ឯកឧត្តម​នាយក​គម្រោង​បាន​គូសបញ្ជាក់ថា ៖ ផ្លូវ​មាន​ច្រើនណាស់​ដែល​អាច​កាត់បន្ថយ​ភាព​ក្រី តែ​តាមរយៈ TVET គឺជា​ផ្លូវ​កាត់​រហ័ស​បំផុត​ដែល​អាចជួយ​ពលរដ្ឋ​យើង​ឆ្លង​ផុតពី​ភាពក្រីក្រ​បាន​។ ដោយឡែក ការរៀបចំ​ការអង្កេត​វាស់វែង​ជំនាញ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ពី​កម្រិត​១​ដល់​កម្រិត​៤ នៃ​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា លើ​វិស័យ​អាទិភាព​ចំនួន​៤៖ កម្មន្តសាល រថយន្ត អ​គិ្គ​ស​នី និង​សំណង់ នេះ​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ស្ថានភាព​ការងារ​រួមទាំង​ផលិតភាព ការងារ​របស់​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា និង​ប្រតិសកម្ម ពី​និយោជក ព្រមទាំង​តម្រូវការ​ឧស្សាហកម្ម​ផងដែរ ដើម្បី​យក​មូលដ្ឋាន​ទាំងអស់នេះ ទៅ​រៀបចំ​ផែនការ​អភិវឌ្ឍ ការបណ្តុះបណ្តាល​កម្មវិធី​សិក្សា និង​កញ្ចប់​បណ្តុះបណ្តាល ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​៕

Related Post

© 2022 by Young Development Research & Consulting Co., Ltd